ឆ្នាំខាល ទោស័ក ពុទ្ធសករាជ ២៥៥៤ – គ្រិស្តសករាជ ២០១០

ព្រះពុទ្ធសករាជកន្លងទៅបាន ២៥៥៣ គិតត្រឹមថ្ងៃ ១៥កើត ខែពិសាខ តែដល់ថ្ងៃ ១រោច ខែពិសាខ គឺចូលដល់ពុទ្ធសករាជ ២៥៥៤។ ឆ្នាំថ្មីឆ្នាំខាលទោស័ក សង្ក្រានចូលនៅថ្ងៃពុធ ១កើត ខែពិសាខ ត្រូវថ្ងៃទី ១៤ ខែមេសា គ-ស ២០១០ វេលាម៉ោង ៧ និង ៣៦ នាទីព្រឹក។ ទេវធីតាឆ្នាំថ្មីមួយអង្គជាអគ្គនាយិកាព្រះនាមមណ្ឌលទេវី ជាបុត្រីទី ៤ របស់កាបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកាមានផ្កាចំប៉ាសៀតព្រះកាណ៌ អភរណទ្រង់ពាក់កែវពិទូរ្យ ភក្សាហារទ្រង់សោយទឹកដោះស្រស់ព្រះហស្តស្តាំទ្រង់ម្ជុល ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់លើខ្នងកទ្រភៈ (សត្វលា)ដែលជាពាហនៈ។
- ថ្ងៃពុធ ១ កើត ខែ ពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០១០ វេលាម៉ោង ៧ និង៣៦ នាទីព្រឹកជាថ្ងៃចូលឆ្នាំ ខាល ទោស័ក។
- ថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា គ្រិស្តសករាជ ២០១០ ជាវារៈវ័នបត។
- ថ្ងៃសុក្រ ៣ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា គ្រិស្តសករាជ ២០១០ នៅវាលាម៉ោង ១១ និង ១៨នាទី ៣៦វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំខាលទោស័កចុល្លសករាជ ១៣៧២ និង មហាសករាជ ១៩៣២ តទៅ។ ក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋទាំងឡាយ រៀបចំពលិការគ្រឿងសក្ការបូជាអុជប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យ និង ទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយ ជាចិត្តអប្រិយជាប់ដោយគំនុំគុំគួន ព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឩបេក្ខា និងបញ្ញា ធ្វើបុណ្យសិន្ទរ៍ទានតាមប្រពៃណី រក្សាសិលប្រាំឱ្យបានជាប់ជានិច្ចនោះទើបទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តីសុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំនេះតរៀងទៅ។
រណ្តាប់ទទួលទេវតា
រៀបរានទទួលទេវតាមុខផ្ទះមួយសំរាប់តាំងគ្រឿងពលិការផ្សេងៗ ក្រាលសំពត់ពណ៌ស ឬស្រគាំរៀបបាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់ ១ គូ បាយសី ៣ ថ្នាក់ ១ គូ បាយសីប៉ាឆាមមួយគូ ស្លាធ៌ម ១ គូ ទឹកអប់ ១ គូ (ទៀន ៥ ធូប ៥)លាជ ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូ ចេកនួនចេកណាំវ៉ា ២ ជើងពានផ្លែឈើ ១១ មុខរៀបដាក់ជើងពាន ១១ គូ ដូងឡៅ ១ គូ ទឹកស្អាត ២ កែវ។
ឆ្នាំនេះគួររកទឹកដោះស្រស់ដាក់ទទួលទេវតាផង ព្រោះជាភក្សាហាររបស់ទេវធីតា ហើយនៅគ្រប់ដង្វាយត្រូវដាក់ផ្កាម្លិះភូងពីលើគ្រប់តង្វាយនៅលើជើងពាន និង លើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។
+អត្ថបទនេះដកស្រង់ជាសង្ខេបពីមហាសង្ក្រាន្ត ឆ្នាំខាល



